ស​ម្តេច​តេជោ​រៀបរាប់ពី​ប្រវត្តិ​អប់រំ​កូនៗ​យ៉ាងតឹង​តែង​ប្រកបដោយ​វិន័យ

ស​ម្តេច​តេជោ​រៀបរាប់ពី​ប្រវត្តិ​អប់រំ​កូនៗ​យ៉ាងតឹង​តែង​ប្រកបដោយ​វិន័យ

ស​ម្តេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា បាន​រៀបរាប់​អំពី​ប្រវត្តិ​អប់រំ​កូនៗ​របស់​ស​ម្តេច​យ៉ាងតឹង​តែង ប្រកបដោយ​វិន័យ នា​ពេល​កន្លង​ទៅ ដែល​ធ្វើឱ្យ​ពួក​គាត់​ពេល​នេះ បាន​ក្លាយ​ទៅជា ធនធាន​ដ៏​សំខាន់ ដែល​បាន​ចូល​រួម​បម្រើ​ជាតិ​មាតុភូមិ​។ ស​ម្តេច​ក៏​សង្ឃឹម​ដែរថា កូនៗ​របស់​ស​ម្តេច​នឹង​ខិតខំ​បណ្តុះ​បណ្តាល អ​ប់រំចៅៗ​របស់​ស​ម្តេច ឱ្យ​ក្លាយ​ទៅជា​ធនធាន​ដ៏​ល្អ ពិសេសផ្តោតលើ​គុណ​ធម៌ ចរិយា​ធម៌ សិល​ធម៌ ព្រម​ទាំង​ចេះ​ជួយ​អ្នក​ដទៃ​។

ខាង​ក្រោម​នេះ​ជា​ការ​រៀបរាប់​របស់​ស​ម្តេចតេជោ ហ៊ុន សែន​៖

«ពេជ្រ​កំពុង​ឆ្នៃ និង​ពេជ្រកែ​ឆ្នៃ​រួច និង​កំពុង​រក្សា​ទុក ឬ​និយាយ​មួយ​បែប គឺដាវ​កំពុង​ផលិត ដាវ​កំពុង​ប្រើ​និង​កំពុង​សំលៀង​បន្ត​។

រូបថត​ប៉ុន្មាន​សន្លឹក​នេះ​បង្ហាញពី​ជោគជ័យ នៃ​ការ​អប់រំ​បណ្តុះ​បណ្តាល​កូនៗ ដែល​ពុកម៉ែ​ប្រើ​ពេល​ជាង ៤០ឆ្នាំ ទើប​ទទួលផល​ដូច​ថ្ងៃ​នេះ​។​ទោះ​ពួក​កូន ជា​កូន​នាយក​រដ្ឋ​មន្ត្រី តែ​ពួក​កូន​មិន​មាន​ម៉ូតូឬឡានជិះ​ទេ ពួក​កូន​ត្រូវ​ដើរទៅ​រៀន​ព្រោះ​សាលា​មិន​ឆ្ងាយពី​ផ្ទះ​ទេ (សាលាចតុ​មុខ) សំណាង​ជាងគេ ម៉ាណែត បានកង់ជិះ​ព្រោះ​ត្រូវ​រៀន​នៅ​វិទ្យាល័យ​ព្រះសុីសុ​វត្តិ ដែល​ឆ្ងាយ​ជាងគេ​បន្តិច​។ ពុក​មាន​លទ្ធ​ភាព​គ្រប់​គ្រាន់ទិញឡាន ឬ​ម៉ូតូ​ឲ្យ​កូនជិះតែពុក ចង់​ឲ្យ​ពួក​កូន​ស្គាល់ នូវ​ជីវភាព​ប្រជាជនធម្មតា​ដូច​កាលពុក​នៅពី​ក្មេង​។

ពេល​កូន​ណាមួយ​មាន​កំហុស ពួក​កូន​ត្រូវ​ជាប់​វិន័យ​ទាំង​អស់​គ្នា​ដោយ​អង្គុយអាន​សៀវភៅ​ទាំង​អស់​គ្នា ព្រោះ​ពុក​ចង់​ឲ្យ​ពួក​កូន​ចេះជួយ​ដាស់តឿន​គ្នា សាមគ្គី​គ្នា​ដើម្បីជៀសវាង​ជាប់​វិន័យ​ទាំង​អស់​គ្នា​។ ពេល​ពួក​កូន​ចេញទៅ​រៀន​នៅ​ក្រៅ​ប្រទេស ពុក​ទៅ​សរសេរ​វិន័យបិទ​ក្នុង​បន្ទប់​គេង បន្ទប់​ទឹក​ដែល​ពុក​ចាំ​ជាងគេ នៅ​បារាំង​សម្រាប់​ម៉ានិត ម៉ានី ម៉ាលី គឺ(ចេញពី​ផ្ទះ៥០០ម៉ែត្រ​ត្រូវ​ប្រាប់បងណាហ្រ្គា និង​សុខហ៊ា និងចាយលុយលើស 100France ត្រូវសុំ​ការ​អនុញ្ញាតពី​សុខហ៊ា)។ ពេល​ពួក​កូន​ចេញ​ទៅ​រៀនជុំ​គ្នា​នៅ​អាមេរិក ដែល​មាន​ម៉ាណា ម៉ានិត ម៉ានី ម៉ាលី លើក​លែងតែ​ម៉ាណែត ពុក​សរេសរ​វិន័យ (ដើរ​ឃ្លាតពី​ផ្ទះ ៥០០ម៉ែត្រ​ត្រូវសុំអ៊ំ ចាយលុយលើស៥០ដុល្លារ​ត្រូវសុំពីអ៊ំ) ទាំង​នៅ​បារាំង​ទាំង​នៅ​អាមេរិក​សុទ្ធ​មាន​ការ កំណត់​ម៉ោង​ត្រូវ​ចូល​គេង និង​ត្រូវបិទ​ភ្លើង​បិទ​ម៉ាសុីន​កំដៅ​ម៉ាសុីន​ត្រជាក់ ដើម្បី​សន្សំ​សំចៃ​ភ្លើង​។

ពុកម៉ែ​សូម​អរគុណ​កូនៗ ដែល​ជាង២០ឆ្នាំ​មុន បាន​និយាយ​ជាមួយ​គ្នា​ដែល​ពុក​បាន​លួច​ស្តាប់ឮ​ម៉ានិត​និយាយថា ប្រាប់​ទាំង​អស់​គ្នាថា (ពុកម៉ែតឹង​តែង​ចំពោះ​ពួក​យើងគឺ​ចង់​ឲ្យ​យើង​ល្អ)។

ពិតមែនតែ​ពេល​នេះ​ពួក​កូន​មាន​ប្រពន្ធ​មាន​ប្តី និង​មាន​កូន​ព្រម​ទាំង​ចេញ​ដឹកនាំ​ប្រទេស ឬ​ចូល​រួម​ក្នុង​ការងារ​បម្រើ​ជាតិ ក្នុង​ឋានៈ​ខ្ពង់​ខ្ពស់តែពុក​នៅ​រង់​ចាំ​ធ្វើ​ជា​ថ្មសំលៀង​សម្រាប់​ពួក​កូនត​ទៅទៀត​។ ពុកម៉ែ​ចង់​ឲ្យ​កូនៗ​ខិតខំ​បណ្តុះ​បណ្តាល​អប់រំ​កូនៗ ដែល​ជាចៅ​របស់​ពុកម៉ែ​តាម​របៀប​ពុកម៉ែត​ទៅទៀត ពិសេសផ្តោតលើ​គុណ​ធម៌ ចរិយា​ធម៌ សិល​ធម៌​ចេះ​ជួយ​អ្នក​ក្រីក្រ ទន់​ខ្សោយ គោរព​ចាស់ទុំ សុភាព​រាបសារ មិន​ឆ្មើង​ឆ្មៃ​។​ល​។ ចៅ​របស់​ពុកម៉ែ​ជាចៅ​ល្អ​ហើយតែ​ត្រូវតែ​តាម​តម្រង់ទិស​ពួកគេ ត​ទៅទៀត»៕