កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​កំពតនឹង​សម្ពោធ​ដាក់ឱ្យ​ប្រើ​ប្រាស់​នៅមុន​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ

កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​កំពតនឹង​សម្ពោធ​ដាក់ឱ្យ​ប្រើ​ប្រាស់​នៅមុន​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ

កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​កំពត​ថ្មី តម្លៃ​ជាង ១១លាន​ដុល្លារ ដែល​បាន​បើក​ដំណើរ​ការ​បណ្តោះ​អាសន្នរយៈ​ពេល ៣ខែ គិត​ចាប់ពី​ថ្ងៃទី១២ ខែ​ធ្នូ ឆ្នាំ២០២៤ រហូត​ដល់​ថ្ងៃទី១២ ខែ​មីនា ឆ្នាំ២០២៥ នឹង​ត្រូវបើកសម្ពោធ​ដាក់ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នៅ​ត្រឹម​ព្រឹក​ថ្ងៃទី០៣ ខែ​មេសា ឆ្នាំ២០២៥ ដើម្បី​ស្វាគមន៍​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​មហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​កំពតនឹង​សម្ពោធ​ដាក់ឱ្យ​ប្រើ​ប្រាស់​នៅមុន​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ

ក្នុង​គោលបំណង​ត្រួត​ពិនិត្យ និង​តាមដាន​នូវ​លទ្ធផល​វឌ្ឍន​ភាព​នៃ​ដំណើរ​ការ​រៀបចំ​ពិធី​សម្ពោធ​ជា​ផ្លូវ​ការនា​ដើមខែ​មេសា​ខាង​មុខ​នេះ នៅ​ថ្ងៃទី១១ ខែ​មីនា ឆ្នាំ២០២៥ ឯក​ឧត្តម អៀង វ៉េង​ស៊ុន រដ្ឋ​លេខាធិ​ការ ក្រសួង​សាធា​រណការ និងដឹក​ជញ្ជូន និង​ជា​ប្រធាន​គណៈកម្មការ បាន​អញ្ជើញ​ដឹកនាំ​កិច្ច​ប្រជុំ​គណៈកម្មការ​ត្រៀម​រៀបចំ​ពិធី​សម្ពោធបើកឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​កំពត​នៅទី​ស្ដី​ការ​ក្រសួង​។

ឆ្លៀត​ក្នុង​ឱកាស​នោះ ឯក​ឧត្តម​ប្រធាន​គណៈកម្មការ ក៏បាន​លើក​ទឹក​ចិត្ត និង​បាន​ផ្តាំ​ផ្ញើឱ្យ​គណៈកម្មការ និង​អនុគណៈ​កម្ម​ការ​ទាំង​អស់ សម្រេច​ភារកិច្ច​ការងារ​ដែល​បាន​ដាក់ជូនឱ្យ​បាន​ល្អ​ប្រសើរ ដើម្បី​ញ៉ាំងឱ្យ​កម្ម​វិធីនា​ឱកាស​នោះ​អាច​ប្រព្រឹត្ត​ទៅ​បាន​ដោយ​រលូន ជោគជ័យ និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។

កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​កំពតនឹង​សម្ពោធ​ដាក់ឱ្យ​ប្រើ​ប្រាស់​នៅមុន​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ

គួរ​ជម្រាប​ដែរថា កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​កំពត​ថ្មី តម្លៃ​ជាង ១១លាន​ដុល្លារ ក្រោម​គម្រោងហិរញ្ញប្ប​ទាន​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) មាន​ចម្ងាយពី​ក្រុង​កំពត​ប្រមាណ ៦គីឡូម៉ែត្រ ស្ថិត​នៅ​ភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុក​ទឹកឈូ ខេត្ត​កំពត ត្រូវ​បានសាងសង់​ឡើង​នៅលើ​ផ្ទៃដី​ទំហំ ៤,២៥ហិកតា ។

កំពង់ផែ​នេះ នឹង​ក្លាយ​ជា​ច្រក​ទ្វារ​អន្តរជាតិ​ផ្លូវ​សមុទ្រ​យ៉ាង​សំខាន់ តភ្ជាប់​ការដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរ​ទៅ​កាន់​បណ្តាកោះ​នានា​នៅភាគ​ខាង​ត្បូង និង​តភ្ជាប់​ខេត្ត​កំពត នៃ​ប្រទេសកម្ពុជា ទៅ​កាន់​ពិភពលោក​។ តាមរយៈ​កំពង់ផែ​នេះ នឹងជួយ​ជំរុញ​បន្ថែម​ការ​អភិវឌ្ឍ​ទេសចរណ៍ និង​ផ្នែក​ពាក់​ព័ន្ធ​នានា​នៅ​ខេត្ត​កំពត រមណីយ​ដ្ឋាន​ភ្នំ​បូកគោ និង​គោលដៅ​ទេសចរណ៍​តំបន់​ឆ្នេរ​សមុទ្រ​របស់​កម្ពុជា​៕