រាជ​រដ្ឋាភិបាល​នឹង​ប្រើ​ប្រាស់​បច្ចេកវិទ្យាឌីជីថល​ដើម្បី​គ្រប់​គ្រង​ថវិកា​ជាតិ​បាន​កាន់តែ​មាន​ប្រសិទ្ធភាព និង​តម្លា​ភាព

រាជ​រដ្ឋាភិបាល​នឹង​ប្រើ​ប្រាស់​បច្ចេកវិទ្យាឌីជីថល​ដើម្បី​គ្រប់​គ្រង​ថវិកា​ជាតិ​បាន​កាន់តែ​មាន​ប្រសិទ្ធភាព និង​តម្លា​ភាព

តាមរយៈ​កម្ម​វិធីកែ​ទម្រង់ការ​គ្រប់​គ្រងហិរញ្ញ​វត្ថុ​សាធារណៈ និង​ការកែ​ទម្រង់​ប្រព័ន្ធ​ថវិកា, កម្ពុជា​កំពុង​ធ្វើ​ដំណើរខិត​ជិត​ការ​គ្រប់​គ្រង​ថវិកា​ជាតិ បាន​ដោយ​មាន​ប្រសិទ្ធភាព តម្លា​ភាព និង ការ​ពង្រឹង​អភិបាល​កិច្ច​ល្អ ក្នុង​ការ​បម្រើ​សេវាធារណៈ ប្រកបដោយ​គុណ​ភាព និង​ប្រសិទ្ធភាព​ជូន​ប្រជា​ពលរដ្ឋ ។ លទ្ធផល​នេះ គឺជា​ការ​រួម​ចំណែក​មួយ​ដ៏​ធំពី​ការ​ដាក់ឱ្យ​អនុវត្ត ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​សម្រាប់​ការ​គ្រប់​គ្រងហិរញ្ញ​វត្ថុ​សាធារណៈ (Financial Management Information System – FMIS) ដែល​ជា​ឧបករណ៍​ដ៏​សំខាន់​សម្រាប់​ការ​គ្រប់​គ្រង​ថវិកា​ជាតិ ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព, តម្លា​ភាព និង​គណនេយ្យ​ភាព និង ជា​ប្រព័ន្ធ ដែល​កំពុង​ប្រើ​ប្រាស់​ដោយ​ប្រទេស ជាង ១០០ នៅលើសកល​លោក និង មាន​ប្រទេស​ជា​ច្រើន​ទៀត ក៏​កំពុង​ខិតខំ​អនុវត្ត​គម្រោង​នេះ ។

​ខាងលើ​នេះ គឺជា​ការ​លើក​ឡើង​របស់ បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋ​លេខាធិ​ការ​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញ​វត្ថុ និង ជា​ប្រធាន​ក្រុម​ការងារ​គ្រប់​គ្រង​គម្រោង FMIS, តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្ដម​អគ្គ​បណ្ឌិតសភាចារ្យ អូន ព័ន្ធ​មុនី​រ័ត្ន ឧបនាយក​រដ្ឋមន្រ្ដី រដ្ឋមន្រ្ដី​ក្រសួង​សេដ្ឋ​កិច្ច​និងហិរញ្ញ​វត្ថុ ថ្លែង​ក្នុង​កម្មវិធី​ចំនួន ២ នៅ​ថ្ងៃទី ១០ និង ១១ ខែ មីនា ឆ្នាំ ២០២៥ គឺ​កម្ម​វិធី​បញ្ជ្រាប​ការ​យល់​ដឹង​ស្តីពី “មុខងារ​រៀបចំ​ផែនការ​ថវិកា តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​សម្រាប់​ការ​គ្រប់​គ្រងហិរញ្ញ​វត្ថុ​សាធារណៈ (FMIS)” ជូន​ថ្នាក់​ដឹកនាំ និង មន្រ្តី​ជំនាញ​ជាង ៣០០ រូប នៃ​ក្រសួង-ស្ថាប័ន​ចំនួន ៩ និង កម្ម​វិធី​បញ្ជ្រាប​ការ​យល់​ដឹង​ស្តីពី “បញ្រ្ជាប​ការ​យល់​ដឹង​ស្តីពី​នីតិ​វិធី​ចំណាយ​ថវិកា​ចរន្ត និង ចលនា​ឥណទាន​ថវិកា​ចរន្ត តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​សម្រាប់​ការ​គ្រប់​គ្រងហិរញ្ញ​វត្ថុ​សាធារណៈ(FMIS) ទាំង ស្រុង” ជូន​ថ្នាក់​ដឹកនាំ និង មន្រ្តី​ជំនាញ​ជាង ៤០០ រូប​មកពី​ក្រសួង–ស្ថាប័ន​ចំនួន ១៥ ។

បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បាន​លើក​ឡើងថា ក្នុង​ក្របខ័ណ្ឌ​រាជ​រដ្ឋាភិបាល​កម្ពុជា​ថ្មី ដែល​មាន​ប្រមុខ​ដឹកនាំ​ដ៏​ឈ្លាសវៃ និង​ប្រកបដោយ​ថាមពល គឺ ស​ម្តេច​មហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដាក់ឱ្យ​អនុវត្ត​ជា​ផ្លូវ​ការ​នូវ​យុទ្ធ​សាស្រ្ត​បញ្ចកោណ–ដំណាក់​កាល ទី ១ ដោយ​កំណត់យក​អាទិភាព​គន្លឹះ ៥ គឺ “មនុស្ស, ផ្លូវ, ទឹក, ភ្លើង និង បច្ចេកវិទ្យា” ក្នុង​គោលដៅ​បន្ត​ជំរុញ​កំណើត​សេដ្ឋកិច្ច និង ការ​អភិវឌ្ឍ ។ ក្នុង​នោះ,ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញ​វត្ថុ បាន​ចូល​រួម​ចំណែក​យ៉ាង​សកម្ម ក្នុង​ការ​ធ្វើ​បរិ​វត្ត​កម្មឌីជីថល និង ការ​កសាង​រដ្ឋាភិបាលឌីជីថល ដោយ​បាន​អភិវឌ្ឍ​ឡើង​នូវ​ប្រព័ន្ធឌីជីថល​ជា​ច្រើន ក្នុង​នោះ ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​សម្រាប់​ការ​គ្រប់​គ្រងហិរញ្ញ​វត្ថុ​សាធារណៈ (FMIS) ក៏​ត្រូវ​បាន​ចាត់​ទុក​ជា​សមិទ្ធផល​មួយ​ដ៏​សំខាន់ សម្រាប់​ការ​ពង្រឹង​អភិបាល​កិច្ច​ល្អ តាមរយៈ ការ​ធានា​បាន​នូវ​តម្លា​ភាព, គណនេយ្យ​ភាព និង​ប្រសិទ្ធភាព​នៃ​ការ​គ្រប់​គ្រង​ថវិកា​ជាតិ ។

បណ្ឌិតសភាចារ្យ រដ្ឋ​លេខាធិ​ការ បានគូស​បញ្ជាក់ថា FMIS គឺជា​មូលដ្ឋាន​មួយ​កាន់តែ​ច្បាស់​លាស់ ក្នុង​ការ​ពង្រឹង​ប្រសិទ្ធភាព តម្លា​ភាព និង អភិបាល​កិច្ច​ល្អ តាមរយៈ ការ​ប្រើ​ប្រាស់​ថវិកា​ជាតិឱ្យ​ឆ្លើយតប​ទៅនឹង​ការ​ផ្ដល់​សេវា​សាធារណៈ របស់​ក្រសួង–ស្ថាប័ន និង​ការ​វិនិយោគសាធារណៈ បាន​កាន់តែចំ​គោលដៅ មាន​តម្លា​ភាព និង​ប្រសិទ្ធភាព ។ ជាក់​ស្ដែង, តាមរយៈ​ការ​អនុវត្ត​នីតិ​វិធី​ចំណាយ​ចរន្ត​តាម FMIS ទាំងស្រុង នៅ​ក្រសួង–ស្ថាប័ន​ចំនួន ១៦ (នៅ​ឆ្នាំ ២០២៥ នេះ មាន​ក្រសួង-ស្ថាប័ន​ថ្មី​ចំនួន ១៥ បន្ថែម​ទៀត នឹង​ត្រូវ​ដាក់ឱ្យ​អនុវត្ត នីតិ​វិធី​ចំណាយ​ចរន្ត​តាម FMIS ទាំងស្រុង) បាន​បង្ហាញថា រយៈ​ពេល​នៃ​ការ​ទូទាត់​ថវិកា បាន​កាត់​បន្ថយពី​ច្រើនខែ មក​នៅ​ត្រឹម​ប្រមាណ​ជា ១០ ថ្ងៃ រីឯ​ជំហាន​នៃ​ការ​ទូទាត់​ក៏​ត្រូវ​បាន​កាត់​តម្រឹមពី ៥៦ ជំហាន មក​ត្រឹម ២០ ជំហាន ហើយ​នឹង​បន្ត​កាត់​បន្ថយ​ជា​បន្ត​បន្ទាប់ រួម​ទាំង​ការឈប់​ប្រើ​ប្រាស់​ក្រដាស​ស្នាម និង ការ​តម្រូវឱ្យ​មាន​ភ្ជាប់​នូវ​ឯកសារ​ជា​ច្រើន​សន្ធឹក​សន្ធាប់​ដូច​មុន ។ ពិសេស​ជាង​នេះ​ទៀត, ការ​ដាក់ឱ្យ​អនុវត្ត​នីតិ​វិធី​ចំណាយ​ចរន្ត​នៅ​ក្នុង​ប្រព័ន្ធ FMIS ទាំងស្រុង បាន​កាត់​បន្ថយ​ការ​រត់​ការ​ជា​ក្រដាស​ស្នាម និង ការជួប​មុខ​គ្នា នៃតួ​អង្គ​ពាក់​ព័ន្ធ គឺជា​ផ្លូវ​ការ​លែង​តម្រូវឱ្យ​មាន​អ្នក​រត់​ការជួប​មុខ​គ្នា ឬ ទាក់ទង​គ្នា ជា​មួយមន្រ្តី​គ្រប់​គ្រង​ថវិកា ដែល​ជា​កត្តា​ចម្បង​នាំឱ្យ​ការ​អនុវត្ត​ថវិកា មិន​មាន​តម្លា​ភាព និង មិន​មាន​ប្រសិទ្ធភាព ។

បណ្ឌិតសភាចារ្យ រដ្ឋ​លេខាធិ​ការ បានគូស​បញ្ជាក់​ទៀត​ថាតាមរយៈ ការ​ខិតខំ​ប្រឹង​ប្រែង​របស់​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញ​វត្ថុ និង ការ​ចូល​រួម​សហការ​យ៉ាង​ជិត​ស្និទ្ធ​របស់​គ្រប់​ក្រសួង–ស្ថាប័ន នៅ​ក្នុង​ដំណើរ​ការ​អនុវត្ត​គម្រោង FMIS នេះ, យើង​បាន និង កំពុងខិត​ទៅរក​ការ​បង្កើត​នូវ​មូលដ្ឋាន​មួយ​ច្បាស់​លាស់ ដើម្បី​ពង្រឹង​អភិបាល​កិច្ច​ល្អ ធ្វើឱ្យ​ប្រតិបត្តិ​ការ​ថវិកា​ជាតិ កាន់តែ​មាន​តម្លា​ភាព និង ប្រសិទ្ធភាព ។​ហើយ​នៅ​ថ្ងៃ​មុខ ប្រសិនបើ​យើង​នៅ​រក្សាប​ល្បឿន កម្លាំងរុញ​ច្រាន និង ពុះពារ ដូច​ពេល​នេះ ដោយ​មិន​រួញរា​នោះ, យើង​នឹង​ធ្វើឱ្យ​ប្រទេស​ជាតិ​យើង​មាន ប្រព័ន្ធបចេ្ចកវិទ្យា​ព័ត៌មាន​សម្រាប់​ការ​គ្រប់​គ្រងហិរញ្ញ​វត្ថុ​សាធារណ: (FMIS) មួយ ដែល​មាន​មូលដ្ឋាន​កាន់តែ​ច្បាស់​លាស់ ក្នុង​ការ​ពង្រឹង​ប្រសិទ្ធភាព តម្លា​ភាព នៃ​ការ​អនុវត្ត​ថវិកា​ជាតិ​ទាំងមូល ឱ្យ​ឆ្លើយតប​ទៅនឹង​ការ​ផ្ដល់​សេវា​សាធារណៈ​របស់​ក្រសួង–ស្ថាប័ន និង ការ​វិនិយោគសាធារណៈ បាន​កាន់តែចំ​គោលដៅ ប្រកបដោយ​អភិបាល​កិច្ច​ល្អ និង ទទួល​បាន​ប្រសិទ្ធផល​ខ្ពស់ ។

ឯក​ឧត្តម​បណ្ឌិតសភាចារ្យ បាន​ស្នើ​ដល់​ថ្នាក់​ដឹកនាំ និង មន្ត្រី​ជំនាញ ដែល​កំពុង​មាន​វត្ត​មាននៅ​ក្នុង​កម្មវិធី​ទាំង​ពីរ​នេះ ឱ្យ​ចូល​រួម​កាន់តែ​សកម្ម​ក្នុង​ការ​តាមដាន និង លើក​ឡើងជា​សំណួរ ឬ សំណូមពរ​នានា ដើម្បី​ផ្តល់​ជា​ធាតុ​ចូល​ល្អៗ ជា​ពិសេស បន្ត​កិច្ច​សហការ​ជាមួយ​ក្រុម​ការងារ​គ្រប់​គ្រង​គម្រោង FMIS ឱ្យ​កាន់តែ​សកម្ម​បន្ថែម​ទៀត ក្នុង​ការ​ពិនិត្យ​រៀបចំ​មន្ត្រី​អនុវត្ត ឱ្យសម​ស្រប​នឹង​តួនាទី​ភារកិច្ច​នៃ​ការ​អនុវត្ត​ប្រតិបត្តិ​ការហិរញ្ញ​វត្ថុ ស្រប​តាម​ច្បាប់ និង បទប្បញ្ញត្តិ​ជា​ធរមាន ត្រៀម​រៀបចំ​មន្ត្រី​អនុវត្ត​មុខងា​រពាក់​ព័ន្ធ សម្រាប់​ចូល​រួម​វគ្គបណ្តុះ​បណ្តាល​ពង្រឹង​សមត្ថភាព ដើម្បីឱ្យ​ការ​ដាក់​អនុវត្ត​គម្រោង FMIS ដំណើ​ការ​ដោយ​រលូន និង មាន​ប្រសិទ្ធភាព​ខ្ពស់ ៕