ព្រះមហាក្សត្រ​នឹងយាង​បួងសួង​ចម្រើន​សេចក្ដី​សុខ​នៅ​ប្រាសាទ​អង្គរ​វត្តនាខែ​មេសា​ខាង​មុខ

ព្រះមហាក្សត្រ​នឹងយាង​បួងសួង​ចម្រើន​សេចក្ដី​សុខ​នៅ​ប្រាសាទ​អង្គរ​វត្តនាខែ​មេសា​ខាង​មុខ

សម្ដេច​មហាមន្រ្ដី គុយ សុផល ឧបនាយក​រដ្ឋ​មន្ត្រី និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ព្រះបរម​រាជ​វាំង រួម​នឹង​ថ្នាក់​ដឹកនាំ​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ កាលពី​ព្រឹក​ថ្ងៃទី១១ ខែ​មីនា ឆ្នាំ២០២៥​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​ត្រៀម​រៀបចំ​ព្រះ​រាជ​ពិធីបួង​សួង​ចម្រើន​សេចក្ដី​សុខ ជូន​ដល់​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ក្រោម​ព្រះ​រាជា​ធិបតី​ដ៏​ខ្ពង់ខ្ពស់​បំផុត​ព្រះ​ករុណា​ព្រះ​បាទ​ស​ម្តេច​ព្រះបរម​នាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ព្រះ​រាជ​ពិធី​នេះ នឹង​ប្រារព្ធ​នៅ​ថ្ងៃទី១១-១២ ខែ​មេសា​នៅ​ខាង​មុខ​ប្រាសាទ​អង្គរវត្ត ។

ព្រះមហាក្សត្រ​នឹងយាង​បួងសួង​ចម្រើន​សេចក្ដី​សុខ​នៅ​ប្រាសាទ​អង្គរ​វត្តនាខែ​មេសា​ខាង​មុខ

ក្នុង​ឱកាស​ចុះ​ពិនិត្យ​ទីតាំង​សម្រាប់​ប្រារព្ធ​ពិធី សម្ដេច​មហាមន្រ្ដី គុយ សុផល បាន​បញ្ជាក់ថា ការ​ជ្រើសរើស​មុខ​ប្រាសាទ​អង្គរវត្ត​ធ្វើ​ជាទី​តាំង​សម្រាប់​ប្រារព្ធ​ព្រះ​រាជ​ពិធី ដោយសារតែ​ទីតាំង​នោះ​មាន​ទំនាក់​ទំនង​គ្នា​យ៉ាង​ជិត​ស្និទ្ធ​រវាង​​កេរ​ដំណែល​ប្រវត្តិសាស្ត្រ និង​ព្រលឹង​បុព្វ​បុរស​ខ្មែរ​។ ដូច្នេះ​ទីតាំង​នៅ​ទីនោះ​មាន​អំណោយផល​ល្អ​សម្រាប់​ការ​ប្រារព្ធ​ព្រះ​រាជ​ពិធី​នេះ​បួងសួង​ចម្រើន​សេចក្តី​សុខជូន​ដល់​ព្រះ​រាជាណា​ចក្រ​កម្ពុជា​។​ព្រះ​រាជ​ពិធី​នេះ​នឹង​ក្លាយ​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ​របស់​កម្ពុជាថែម​ទៀតផង​។

សូម​ជម្រាបថា តាម​កម្មវិធី​គ្រោង​ទុក​ព្រះ​រាជ​ពិធី​បួងសួង​នឹង​ប្រារព្ធ​នៅ​ថ្ងៃទី១១-១២ ខែ​មេសា​ ខណៈ​បុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​​ជាតិ ឆ្នាំ​ម្សាញ់​នឹង​ចូល​មកដល់​នៅ​ថ្ងៃទី១៤ ខែ​មេសា ។

សម្ដេច​មហាមន្រ្ដី​មាន​ប្រសាសន៍ថា ព្រះ​រាជ​ពិធី​នេះ​មិន​ត្រឹម​តែ​ឆ្លុះ​បញ្ចាំង​អំពី​សីលធម៌​របស់​ប្រជាជន​ខ្មែរ​ដែល​មាន​ការ​គោរព​ដឹង​គុណ​ចំពោះ​ម្ចាស់​ទឹក​ម្ចាស់ដី ទេវតា​រក្សា​លោក និង​បុព្វ​បុរស​ខ្មែរ​គ្រប់​ជំនាន់​ប៉ុណ្ណោះ​ទេ ហើយវា​ក៏បាន​ឆ្លុះ​បញ្ចាំង​ពី​ទំនៀម​ទម្លាប់ និង​ប្រពៃណី​ដែល​ជា​ផ្នែក​មួយ​នៃ​អត្ត​សញ្ញាណ​ជាតិ និង​វប្បធម៌​ខ្មែរ ដែល​ប្រជាជន​តែង​តែ​ប្រារព្ធ​ធ្វើ​តាម​ស្រុក​តាម​ភូមិ​នីមួយៗ​។ ការ​ប្រារព្ធ​ព្រះ​រាជ​ពិធី​នេះ​នៅ​ប្រាសាទ​អង្គរវត្ត​ក៏​ជា​ការ​រួម​ចំណែក​ផ្សព្វផ្សាយ​ពី​វប្បធម៌​ខ្មែរ និង​សំណង់​ស្ថាបត្យកម្ម​ខ្មែរ​បុរាណ​ទៅ​កាន់​ពិភព​លោក ក៏​ដូច​ជា​ការ​ទាក់​ទាញ​ទេសចរ​ជាតិ និង​អន្តរ​ជាតិមក​ទស្សនា​នៅ​ប្រទេស​កម្ពុជា​ផងដែរ ។

ក្នុង​ឱកាស​នេះ​ដែរ​ស​ម្តេច​មហាមន្រ្តី​បាន​ណែនាំ​ដល់​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ ត្រូវយក​ចិត្ត​ទុកដាក់ និង​សហការ​ជិត​ស្និទ្ធ ដើម្បី​បំពេញ​ភារកិច្ច​ទៅតាម​មុខ​ជំនាញ​ឯកទេស​របស់​ខ្លួន​ឆ្ពោះ​ទៅ​សម្រេច​លទ្ធផល​ល្អ​ប្រសើរ​លើការងារ​សន្តិ​សុខ​សណ្ដាប់ធ្នាប់ បដិសណ្ឋារកិច្ច ទីតាំង ពេល​វេលា និង​សកម្មភាព​ពាក់​ព័ន្ធ​សំខាន់ៗ​ក្នុង​ពេល​ប្រារព្ធ​ព្រះ​រាជ​ពិធី​៕