ស​ម្តេច​ធិបតី​៖ ប្រទេស​មួយ​ខ្លាំង​បាន លុះ​ត្រាតែ​មាន​មូលធន​មនុស្ស​ខ្លាំង

ស​ម្តេច​ធិបតី​៖ ប្រទេស​មួយ​ខ្លាំង​បាន លុះ​ត្រាតែ​មាន​មូលធន​មនុស្ស​ខ្លាំង

ស​ម្តេច​មហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រជូន​ដល់​និស្សិតជ័យ​លាភី​ចំនួន ៤៤២៦នាក់ (នារី៣៩២៤នាក់) កម្រិត​បរិញ្ញាបត្រ​រង បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់​ខ្ពស់ នៅ​វិទ្យា​ស្ថាន​វ៉ាន់ដា នា​ព្រឹក​ថ្ងៃ​អង្គារ ថ្ងៃទី១២ ខែ​មីនា ឆ្នាំ២០២៥ ថា​៖ ប្រទេស​មួយ​ខ្លាំង​បាន លុះ​ត្រាតែ​មាន​មូលធន​មនុស្ស​ខ្លាំង, ប្រទេស​មួយ​មាន​អារ្យ​ធម៌​រុងរឿង​បាន លុះ​ត្រាតែ​មាន​មូលធន​មនុស្ស​ពូកែ​។ ការ​កសាង​សង្គម​ជាតិ​មួយឱ្យ​រុងរឿង​ទាមទារ​ឱ្យ​មាន​ស្ថិរ​ភាព, សង្គតិ​ភាព និង​ការពូន​ជ្រំ​សមិទ្ធផល, រក្សា​សមិទ្ធផល​ចាស់ បង្កើន​សមិទ្ធផល​ថ្មី, ប្រមូល​ផ្តុំ​កម្លាំង និង​ចំណេះ​ដឹង ចំណេះ​ធ្វើ ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​។ ប្រសិនបើ​សង្គម​មួយ​ដែល​រវល់តែ​ឈ្លោះ​គ្នា, បែក​បាក់​គ្នា, មាន​សង្គ្រាម​រ៉ាំរ៉ៃ, មាន​ការ​ផ្លាស់​ប្តូររបប​គ្រប់​គ្រង​ឥតឈប់, និង​មាន​ភាព​រកាំរកូស​ជាមួយ​ប្រទេស​ជិត​ខាង, សង្គម​នោះ ពិតជា​គ្មាន​ពេល​វេលា ក្នុង​ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ចាំបាច់, កសាង​ស្ថាប័ន និង​កសាង​សមត្ថភាព​នៃ​មូលធន​មនុស្ស​របស់​ខ្លួន​បាន​ឡើយ​។ សង្គម​បែប​នោះ ប្រឈម​នឹង​ការខាតបង់​នូវ​ធនធាន​ជា​ច្រើន ដើម្បី​គាំទ្រ​ដល់​ការ​ប្រយុទ្ធ​តតាំង​គ្នា ជាជាង​ការ​កសាង​ជាតិ​។ បើ​សង្គម​មួយ​មាន​សន្តិភាព និង​ស្ថិរ​ភាព, ប៉ុន្តែ​សង្គម​ទាំងមូល​មិន​បាន​ផ្តល់​តម្លៃ​លើកា​រសិក្សា​អប់រំ ហើយ​ពលរដ្ឋ​មិន​ខិតខំ​កសាង​សមត្ថភាព​របស់​ខ្លួន, សង្គម​នោះ​នឹង​មាន​ធនធាន​មនុស្ស​ទន់​ខ្សោយ, ខ្វះ​ឯករាជ្យម្ចាស់​ការ, មិន​មាន​ភាព​ប្រកួត​ប្រជែង, និង​ក៏​មិន​អាច​រីកចម្រើនជឿនលឿន​បាន​ដែរ​។

បន្ថែមលើ​នេះ, ស​ម្តេច​ធិបតី​នាយក​រដ្ឋ​មន្ត្រី បានគូស​បញ្ជាក់ថា​ការ​ពង្រឹង​ធនធាន​មនុស្ស គឺ​ដើម្បី​បង្កើន​ផលិត​ភាព បង្កើន​ចំណូល និងផល​ប្រយោជន៍ សំដៅ​ធានា​ដល់​ការ​ប្រកួត​ប្រជែង និង លើក​កម្ពស់​កម្លាំង​ធ្វើ​ការ​បំពេញទី​ផ្សារ​ការងារ ស្រប​តាម​បរិ​ការណ៍​នៃ​ការ​អភិវឌ្ឍ​ប្រទេស និង​ជីវភាព​របស់​ប្រជាជន​។ ការ​ពង្រឹង​ធនធាន​មនុស្ស គឺ​ត្រូវ​ពង្រឹង​ទាំង​បរិមាណ និង​គុណ​ភាព ដែល​៖ ១/ បរិមាណ គឺ​សំដៅ​ការបើក​ឱកាសឱ្យ​បាន​ច្រើន​ដល់​ប្រជា​ពលរដ្ឋ និង ២/ គុណ​ភាព គឺ​សំដៅ​ការ​ពង្រឹង​គុណ​ភាព​សិក្សា គុណ​ភាព និង​គុណ​វុឌ្ឍិ​គ្រូ ព្រម​ទាំង​ភាព​ច្នៃ​ប្រឌិត​។ ជាមួយ​គ្នា​នេះ ស​ម្តេច​ធិបតី​នាយក​រដ្ឋ​មន្ត្រី បាន​លើក​ឡើងថា យើង​អាច​ធានា​បរិមាណ​គ្រូ​បង្រៀន តាមរយៈ​ការ​ផ្តល់​ឱកាស​ដល់​លោក​គ្រូ អ្នក​គ្រូ​ដែល​ចូល​និវត្តន៍ តែ​នៅ​មាន​ឆន្ទៈ, មាន​សុខ​ភាព​ល្អ, ជា​មួយ​នឹងបទ​ពិសោធន៍ និង​គុណ​វុឌ្ឍិ​ខ្ពស់, ប៉ុន្តែ​សម្រាប់​បំពេញតែ​កន្លែងណា​ដែល​ខ្វះ​ប៉ុណ្ណោះ​។ ចំពោះ​លក្ខ​ខណ្ឌ​ក្នុង​ការ​ជ្រើសរើស​លោក​គ្រូ អ្នក​គ្រូ​ចូល​និវត្តន៍​នេះ ត្រូវឈរលើ​គោលការណ៍​៖ ទី១/ បំពេញតែ​កន្លែង​ដែល​ខ្វះខាត និង​ខ្វះ​ជំនាញ​ពិត​ប្រាកដ ស្រប​តាម​តម្រូវការ ហើយ​ជ្រើសរើស​កំណត់​តាម​និយាម និង​លក្ខ​ខណ្ឌ​ដែល​កំណត់​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា ច្បាស់​លាស់, និង ទី២/ កិច្ចការ​នេះ គឺជា​ការ​បំពេញ​ត្រឹម
រយៈ​ពេល​ខ្លី រហូត​ទទួល​បាន​គ្រូ​ថ្មីមក​ជំនួស​។

ស​ម្តេច​ធិបតី​នាយក​រដ្ឋ​មន្ត្រី លើក​ទឹក​ចិត្ត​ដល់​ការអាន​សៀវភៅ ដោយ​ជំរុញឱ្យ​ឪពុក​ម្តាយ អាណា​ព្យាបាល ខិតខំ​បង្ក​លក្ខណៈ​ដល់​កូនៗ​របស់​ខ្លួន​ក្នុង​ការអាន​សៀវភៅ ហើយ​សូម​ក្រសួង​អប់រំ យុវជន និង​កីឡា ត្រូវ​ខិតខំ​ជំរុញ​កម្មវិធី​ពាក់​ព័ន្ធ​នឹង​ការអានឱ្យ​បាន​ច្រើន​បន្ថែម​ទៀត​។ ជាមួយ​គ្នា​នេះ ស​ម្តេច​ធិបតី​នាយក​រដ្ឋ​មន្ត្រី បានកោត​សរសើរ​ដល់​យុវជន​ដែល​បាន​រៀបចំ​បណ្ណាល័យ​ចល័ត លើក​កម្ពស់​ការអាន​ទៅដល់​មូលដ្ឋាន និង​លើក​ទឹក​ចិត្តឱ្យ​រដ្ឋបាល​រាជធានី-ខេត្ត បន្ត​រៀបចំ​សកម្មភាព​សិក្សា និង​ការអាន​សៀវភៅ ឱ្យ​កាន់តែ​ច្រើន​បន្ថែម​ទៀត​។

ជាទី​បញ្ចប់, ស​ម្តេច​ធិបតី​នាយក​រដ្ឋ​មន្ត្រី ក៏​បានគូស​រំលេច​បន្ថែមថា ការ​រៀន​នៅ​សាលា គឺ​ទទួល​បាន​សញ្ញាបត្រ តែ​ការ​ចេញទៅ​ធ្វើ​ការគឺ​ទទួល​បាន​សញ្ញា​ឃើញ​។ ដូច្នេះ, យើង​ទាំង​អស់​គ្នា​ត្រូវ​ខិតខំ​រៀន​សូត្រ​បន្ថែម និង​ត្រូវ​រៀន​ពេញ​មួយ​ជីវិត​។ សញ្ញាបត្រជួយបើក​ទ្វារឱ្យ​យើង​ចូល​ទៅ​កន្លែង​ធ្វើ​ការ តែ​សញ្ញា​ឃើញគឺជួយឱ្យ​យើង​ឡើងជណ្តើរ​ម្តង​មួយកាំៗ និង​រីកចម្រើន​ទៅមុខ​ទៀត តាមរយៈ​ការ​រៀន​មិន​ឈប់ឈរ និង​ការ​រៀនពី​គ្រប់​មនុស្ស​នៅជុំ​វិញ​ខ្លួន​យើង​៕

ស​ម្តេច​ធិបតី​៖ ប្រទេស​មួយ​ខ្លាំង​បាន លុះ​ត្រាតែ​មាន​មូលធន​មនុស្ស​ខ្លាំង