សារ​ទូរស័ព្ទ​ជាមួយ​នាយក​រដ្ឋ​មន្ត្រីថៃ​៖ សម្ដេចតេជោ ហ៊ុន សែន ច្រានចោល​ការចោទ​ប្រកាន់ “Unprofessional”

ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃទី ១៥ ខែ​មិថុនា ឆ្នាំ ២០២៥ សម្ដេចតេជោ ហ៊ុន សែន បាន​បញ្ជាក់ថា លោក​ពិត​ជា​បាន​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​នាយក​រដ្ឋ​មន្ត្រីថៃ រយៈ​ពេល ១៧ នាទី ០៦ វិនាទី ដោយ​មាន​លោក ឃ្លាំង ហួត ជា​អ្នកបក​ប្រែ​។ ការថត​សំឡេង​នៃ​ការ​សន្ទនា​នេះ គឺ​ដើម្បី​ធានា​តម្លា​ភាព និង​ការពារ​កុំ​ឲ្យ​មាន​ការ​ភាន់​ច្រឡំ ឬ​បន្លំ​កិច្ច​ការ​ទាំងឡាយ​។

សម្ដេច​តេជោ​បាន​លើក​ឡើងថា សំឡេង​សន្ទនា​នេះ​ត្រូវ​បាន​ផ្ញើ​ទៅ​កាន់​ឥស្សរជនប្រហែល ៨០ នាក់ រួម​មានគណៈ​អចិន្ត្រៃយ៍​គណបក្ស ក្រុម​ការងារ​ព្រឹទ្ធសភា ក្រុម​ការងារសភា ក្រុម​ការងារ​ទទួល​បន្ទុក​កិច្ចការ​បរទេស ក្រុម​ការងារ​ឃោសនា​អប់រំ ក្រុម​ការងារ​ព្រំដែន និងកង​កម្លាំង​ប្រដាប់​អាវុធ​។

សម្ដេច​តេជោ​បាន​សន្និដ្ឋាន​ថា​៖

“នៅ​ក្នុង​នោះ​ប្រហែល​អាច​មាន​នរណា​ម្នាក់ មិន​ពេញ​ចិត្ត​នឹង​នាយក​រដ្ឋមន្រ្តីថៃ ព្រោះ​ក្រោយ​និយាយ​គ្នា​ជាមួយ​ខ្ញុំ​ប៉ុន្មាន​ម៉ោង បែរជា​មេ​ដឹកនាំថៃ​ចេញមក ចោទ​មេ​ដឹកនាំ​កម្ពុជាថា ធ្វើ​នយោបាយអត់​វិជ្ជា​ជីវៈ (Unprofessional) ធ្វើ​នយោបាយ​តាម Facebook ដែល​នេះ​បង្ហាញពី​ទង្វើ និយាយ​ផ្សេង ធ្វើ​ផ្សឹង​។”

ទាក់ទង​នឹង​សារ​សំឡេង​ដែល​បាន​បែក​ធ្លាយ សម្ដេច​តេជោ​បាន​បន្ថែមថា លោក​ឃើញ​គេ​បង្ហោះតែ​ជាង ៩ នាទី​ប៉ុណ្ណោះ​។ ដូច្នេះ លោក​បាន​បញ្ជាក់​ជំហរថា​៖

“បើសិន​ភាគីថៃ​ចង់​បាន ខ្ញុំ​នឹង​បញ្ជូល​ចេញ​ទាំង​ស្រុងតែ​ម្តង​ដែល​មានរយៈ​ពេល ១៧ៈ០៦នាទី​។”