សម្ដេចធិបតី ហ៊ុន ម៉ាណែត​៖ មូលធន​មនុស្ស​ត្រូវ​មាន​សីលធម៌ គុណ​ធម៌ និង​ជា​គ្រឹះ​កសាង​ជាតិ

ភ្នំពេញ​៖ សម្ដេច​មហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រី​នៃ​កម្ពុជា បាន​សង្កត់​ធ្ងន់ថា មូលធន​មនុស្ស មិនមែន​ត្រឹមតែ​មាន​ស្មារតី និង​សមត្ថភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ត្រូវ​មាន​សីលធម៌ និង​គុណ​ធម៌​។ ការ​ថ្លែង​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​បិទមហាសន្និបាតវិសាមញ្ញ​កាយរឹទ្ធិ​ជាតិ​កម្ពុជា កាលពី​រសៀល​ថ្ងៃទី ១៧ ខែ​មិថុនា ឆ្នាំ ២០២៥​។ សម្ដេច​ធិបតី​បាន​បន្ថែមថា មូលធន​មនុស្ស​គឺជា​មូលដ្ឋាន​គ្រឹះ​ក្នុង​ការ​កសាង​ឯករាជ្យម្ចាស់​ការ និង​ការ​អភិវឌ្ឍ​ប្រទេស​។

សម្ដេច​ធិបតី​បានគូស​បញ្ជាក់ពី​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​កម្ពុជា​ក្រោយ​បញ្ចប់​សង្គ្រាម ក្នុង​ការ​កសាង​ធនធាន​មនុស្ស សេដ្ឋកិច្ច និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​។

“ក្រោយ​សង្គ្រាម​បាន​បញ្ចប់, កម្ពុជា​បាន​ខិតខំ​កសាង​ធនធាន​មនុស្ស, សេដ្ឋកិច្ច និង​ហេដ្ឋា​រចនា សម្ព័ន្ធ ដែល​ពីមុន​យើងពឹង​គេ​ទាំងស្រុង តែបច្ចុប្បន្ន​យើង​អាច​ធានា​បាន និង ម្ចាស់​ការ​ដោយ​ខ្លួនឯង ដែល​នេះ​ជា​ការ​ធានា​ឯករាជ្យ​ជាតិ​កម្ពុជា​របស់​យើង ហើយ​គោលដៅ​ធំ​របស់​យើង គឺ​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​បូរណភាព​ទឹកដី, ការ​ទទួល​ខុស​ចំពោះ ប្រជាជន​កម្ពុជា និង​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ឧត្តម​ប្រយោជន៍​ជាតិ និង​ប្រជាជន​កម្ពុជា​។”

ទាក់ទង​នឹង​បញ្ហា​ព្រំដែន​កម្ពុជា-ថៃ សម្ដេច​ធិបតី​បាន​មាន​ប្រសាសន៍ថា កម្ពុជា​រក្សា​ការអត់​ធ្មត់​ខ្ពស់ ហើយ​ចង់​ដោះ​ស្រាយ​ដោយ​សន្តិ​វិធី និង​សន្តិភាព ដោយ​ជ្រើសរើសយក​ច្បាប់​អន្តរជាតិ​។

“កម្ពុជា ជ្រើសយក​ច្បាប់​អន្តរជាតិ ដោយ​នាំយក​តំបន់​ដែល​កំពុង​តានតឹង​ទាំង ៤ ទៅ​តុលា​ការ​យុត្តិ​ធម៌​អន្តរជាតិ (ICJ) ដើម្បី​ដោះ​ស្រាយ​ឱ្យ​ដាច់​ស្រេច, ដើម្បីជៀសវាង​មាន​បញ្ហានា​ពេល​អនាគត​បន្ត​ទៀត បើ​មិន​ដូច្នោះ​ទេ តំបន់​ទាំង៤នេះ នៅតែ​បន្ត​មាន​បញ្ហា​មិន​ចេះចប់ ជា​បន្ត​ទៀត​។”

ជាមួយ​គ្នា​នេះ សម្ដេច​ធិបតី​ក៏​បាន​បញ្ជាក់ថា ការបើក​ព្រំដែន​ឡើង​វិញ គឺ​ភាគី​ដែលបិទ​ជា​ឯកតោ​ភាគី​ត្រូវបើក​មុន ហើយ​កម្ពុជា​នឹងបើក​តាម​ក្រោយ​។ លោក​បាន​សង្កត់​ធ្ងន់ពី​ការ​ប្ដេជ្ញា​ចិត្ត​ការពារ​បូរណភាព​ទឹកដី អធិបតេយ្យ​ភាព និងផល​ប្រយោជន៍​ជាតិ​។ លោក​ក៏បាន​ថ្លែង​អំណរ​គុណ​ដល់​ប្រជា​ពលរដ្ឋ​ដែល​បាន​ចូល​រួម​គាំទ្រ​ដល់​កងទ័ព និង​រាជ​រដ្ឋាភិបាល ដែល​បង្ហាញពី​ស្មារតី​សាមគ្គី​ជាតិ​ដ៏​សំខាន់​៕